ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតជាមន្ត្រីនគរបាលយុត្តិធម៌ ហ៊ានថា ហ៊ានធ្វើតាមនីតិវិធីពេលមានពាក្យបណ្តឹង ដែលសបញ្ជាក់ថា យកជាផ្លូវការបាន និងមានតម្រុយពិរុទ្ធភាព ។
ថ្មីៗនេះ ឧកញ៉ា២រូប ជាអគ្គនាយក អគ្គនាយករង ក្រុមហ៊ុនពិភពដីមាស សង្ស័យរកស៊ីបោកប្រាស់ ទើបមានប្រជាពលរដ្ឋដល់ទៅ៣២៣នាក់ដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត ប៉ុន្តែអគ្គនាយក អគ្គនាយករង ក្រុមហ៊ុនពិភពដីមាស ចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយ ក្នុងគោលបំណងគំរាមមន្ត្រីនគរបាលយុត្តិធម៌ ជាពិសេសសំដៅទៅលើលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតឱ្យសុំទោសដល់ពួកខ្លួន និងសុំអន្តរាគមន៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា ស្តាប់អោយច្បាស់ក្រុមហ៊ុនពិភពដីមាស បើខ្ញុំសុំទោសក្រុមហ៊ុនពិភពដីមាសឯងស្មើនឹងខ្ញុំក្បត់មនសិការនិងឧត្តមគតិរបស់ខ្ញុំ ជាពិសេសគឺក្បត់ចំពោះបងប្អូន 323 គ្រួសារដែលបានមកដាក់បណ្តឹងដើម្បីរកយុត្តិធម៌សម្រាប់ពួកគាត់ ។ លោកផ្កាយ២បន្តថា : “មាសសុទ្ធកុំខ្លាចភ្លើង” ។ លោកថា ក្រុមហ៊ុនពិភពដីមាសអាចដាក់ពាក្យបណ្តឹងមកលើរូបខ្ញុំបាន តែកុំភ្លេចថ្ងៃទី 26.06.23 ឡើងមកបំភ្លឺបណ្តឹងរបស់ប្រជាពលរដ្ឋខ្ញុំ ។ លោកស្នងការថ្លែងថា : ” ក្រុមហ៊ុនពិភពដីមាសហ៊ានចេញសេចក្តីថ្លែងការណ៍បន្ទាន់ អ៊ីចឹងថ្ងៃទី 26.06.23 នេះក៏ត្រូវហ៊ានមកបំភ្លឺអោយសមត្ថកិច្ចយើងខ្ញុំផង “។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា អគ្គនាយក អគ្គនាយករង ក្រុមហ៊ុនពិភពដីមាសសង្ស័យរកស៊ីបោកប្រាស់ ទើបប្រជាពលរដ្ឋរហូតដល់ ៣២៣នាក់ដាក់ពាក្យបណ្ដឹងទៅមន្ត្រីនគរបាលយុត្តិធម៌ខេត្ត ហើយចាត់ទុកថាឧកញ៉ាទាំងពីររូបនេះអាចនឹងមានវាសនាដូចឧកញ៉ា ជា សារ៉ន ប្រសិនបើពួកគាត់មានចេតនាទុច្ចរិតរកស៊ីដោយគ្មានភាពស្មោះត្រង់ ?
អគ្គនាយក អគ្គនាយករង ក្រុមហ៊ុនពិភពដីមាសសង្ស័យរកស៊ីបោកប្រាស់ មិនត្រឹមតែប្រជាពលរដ្ឋប្ដឹងប៉ុណ្ណោះទេ ឥឡូវកំពុងពាក់មុខយក្សជាមួយនឹង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បន្ទាប់ពីលោកស្នងការចេញលិខិតកោះហៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្រជាពលរដ្ឋ ៣២៣នាក់ ។
លោកស្នងការធ្លាប់បញ្ជាក់ថា : “ពិតឬមិនពិតឮថាតំណាងក្រុមហ៊ុនពិភពដីមាសដើរគំរាមប្រជាពលរដ្ឋនៅស្រុកឈូក ! បើបងប្អូនមានបញ្ហាសូមជូនដំណឹងមកផេករបស់ខ្ញុំផ្ទាល់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
បច្ចុប្បន្ន រឿងអគ្គនាយក អគ្គនាយករង ក្រុមហ៊ុនពិភពដីមាស នឹងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតក្លាយជាការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីមជ្ឈដ្ឋានមហាជនទូទៅ ត្រង់ថា ! មន្ត្រីនគរបាលយុត្តិធម៌ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះ បែរទៅជារងការគំរាមកំហែងពីអ្នកប្រព្រឹត្តបទល្មើសទៅវិញ ? ៕
ដោយ ៖ សិលា