ខេត្តកំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។
នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើហថា ៖ គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១. ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ; ទី២. ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស; ទី៣. ១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់; ទី៤. ១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត និង ទី៥. ១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ស្តារកសាងប្រទេសពីបាតដៃទទេ, បង្រួបបង្រួមជាតិ ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌, អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ៖ ក្នុងនាមជាបក្សនៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា ។ សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមានដែលកើតមានឡើងក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុង ដំណាក់កាលរាតត្បាតនៃកូវីដ-១៩ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសថា ៖ គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ ប៉ុន្តែ អ្វីដែលគណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ ។ ជារួម គណបក្សប្រជាជន ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា៖ ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នាបម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន ។ ដើម្បីក្លាយខ្លួនជាសកម្មជនយុវជនបក្ស គឺសុទ្ធតែបានឆ្លងកាត់ការជ្រើសរើសសម្រិតសម្រាំងច្បាស់លាស់ ទាំងផ្នែកសមត្ថភាពចំណេះដឹង, ឆន្ទៈ, មនសិការ ជាពិសេស អត្តចរិតប្រកបដោយសីលធម៌-គុណធម៌ ដែលសុទ្ធសឹងជាលក្ខណៈសម្បត្តិជាទីទុកចិត្ត និងស័ក្តិសមជាកម្លាំងប្រតិបត្តិករដ៏ស្មោះត្រង់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន ៕
ដោយ ៖ សិលា