ថ្លែងនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៩ ខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពត្រូវការឧស្សាហកម្មខ្លាំងជាងមុន ដើម្បីបំពេញបន្ថែមនូវឃ្លាំងស្តុកអាវុធនិងគ្រាប់រំសេវដែលអស់រលីងបន្ទាប់ពីការផ្គត់ផ្គង់ទីក្រុងKiev អស់រយៈពេលមួយឆ្នាំមក។
យោងតាមសារព័ត៌មាន RT លោក Stoltenberg បានបញ្ជាក់ថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកត្រូវតែបន្តគាំទ្រអ៊ុយក្រែន ដូចដែលខ្លួនបានធ្វើតាំងពីឆ្នាំ 2014មក។ «យើងក៏ត្រូវការឧស្សាហកម្មការពារដ៏រឹងមាំជាងមុនដែរ សព្វាវុធនិងគ្រាប់រំសេវ។ ទុនបម្រុងរបស់យើងអស់ហើយ ចាំបាច់ត្រូវបំពេញបន្ថែម។ មិនត្រឹមតែនៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសជាច្រើនក្នុងអង្គការ NATO ផងដែរ»។
មន្ត្រីរូបនេះបានបន្ថែមថា គាត់បានជួបជាមួយអ្នកតំណាងនៃឧស្សាហកម្មយោធាកាលពីសប្តាហ៍មុន ហើយបានពិភាក្សាអំពីវិធីល្អបំផុតដើម្បីបង្កើនផលិតកម្ម និងសម្រួលខ្សែចង្វាក់ផ្គត់ផ្គង់។ យោងតាមលោក Stoltenbergបានបញ្ជាក់ថា នោះគឺជាគន្លឹះក្នុងការរក្សាការគាំទ្រណាតូសម្រាប់អ៊ុយក្រែន។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនសព្វាវុធ បរិក្ខារ និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារទៅកាន់ទីក្រុងគៀវនៅឆ្នាំ ២០២២ បន្ទាប់ពីជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែនកាន់តែតានតឹង។ ប្រទេសលោកខាងលិចទទូចថា នេះពិតជាមិនធ្វើឱ្យពួកគេក្លាយជាភាគីជម្លោះនោះទេ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា ពាក់ព័ន្ធដោយផ្ទាល់ មិនត្រឹមតែការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន នៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ អុីតាលី និងកន្លែងផ្សេងទៀត៕
ដោយ៖ ធីរីណា(រូបថត៖ AP)