ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកសារព័ត៌មានកម្ពុជាល្បីៗជាច្រើនអង្គភាព ទស្សនកិច្ចនៅការិយាល័យសារព័ត៌មាន Guangxi Daily ដ៏ធំប្រចាំខេត្តក្វាងស៊ី

ចែករំលែក៖

ភ្នំពេញ៖​ លោក​ សារ៉ាយ​ ច័ន្ទ​តារា​ និពន្ធនាយក​កាសែតនគរវត្ត​ (Nokorwat News)និងនគរដ្រេហ្គន​ ព្រមទាំង​ក្រុមអ្នកសារព័ត៌មានមកស្ថាប័នល្បីៗនៅកម្ពុជា​ ចំនួន​១៤រូប បានទៅទស្សនកិច្ច និងសិក្សានៅការិយាល័យកណ្តាលនៃសារព័ត៌មាន Guangxi Daily ដែលជាសារព័ត៌មានល្បីប្រចាំខេត្តក្វាងស៊ី ប្រទេសចិន​ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។ 

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន The CC-Times ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគី Guangxi Daily ដឹកនាំដោយ លោក យ៉ាង ធៀន និពន្ធនាយករង នៃសារព័ត៌មាន Guangxi Daily និង លោក ម័រ យិនលី ប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily។

នៅក្នុងជំនួបនោះ លោក ម័រ យិនលី ប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily បានបង្ហាញអំពីប្រវត្តិសារព័ត៌មានរដ្ឋ Guangxi Daily ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៥៨ ហើយមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាសារព័ត៌មានធំប្រចាំតំបន់។ លោកបានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះវត្តមានសារព័ត៌មានកម្ពុជា ក្នុងការទស្សនកិច្ចនៅការិយាល័យរបស់លោក។ ជាមួយគ្នានេះ លោកក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាងប្រទេសទាំងពីរផងដែរ។

ចំណែក លោក ផ្លុង វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះ សារព័ត៌មានរដ្ឋ Guangxi Daily ដែលបានសហការរៀបចំដំណើរទស្សនកិច្ចនេះ។ លោកចាត់ទុកថា ទស្សនកិច្ចនេះ ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសារព័ត៌មានប្រទេសទាំងពីរ ហើយជំរុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក។

បន្ទាប់ពីនៅគ្រាដែលបញ្ចប់ទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា១៤រូប ត្រូវបានសារព័ត៌មាន Guangxi Daily ផ្តល់បណ្ណសរសើរជាភ្នាក់ងារកិត្តិយសប្រចាំអាស៊ានផងដែរ។

សូមជម្រាបជូនថា​ តំណាង​អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ រួមទាំងអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នល្បីៗ ៨ស្ថាប័នផ្សេងទៀត កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ បានចាប់ផ្តើមបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដែលកម្មវិធីនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។

ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាង កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។

ក្នុងដំណើរទស្សកិច្ចនេះ អ្នកសារព័ត៌មានកម្ពុជាសរុប១៤នាក់ នឹងទៅកាន់ទីក្រុងសំខាន់ៗមួយចំនួន ក្នុងខេត្តក្វាងស៊ី រួមមានទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង Liuzhou ទីក្រុង Guilin និង កន្លែងផ្សេងទៀតជាបន្តបន្ទាប់ ក្នុងគោលដៅស្វែងយល់ និងផ្សព្វផ្សាយ អំពីវប្បធម៌ និងទេសចរណ៍ ដែលតភ្ជាប់ខេត្តក្វាងស៊ី របស់ចិន ជាមួយប្រទេសអាស៊ាន ព្រមទាំងការពិនិត្យ គម្រោងច្រករបៀងទាំងផ្លូវគោក និងផ្លូវទឹកថ្មីធំៗ និងសមិទ្ធផលនៅភាគខាងលិចផងដែរ។

គួរបញ្ជាក់ថា​ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា បានធ្វើឡើងស្របពេលដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងកាន់តែខ្លាំងក្លាលើគ្រប់វិស័យ ខណៈដែលកម្ពុជា-ចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកសាងសហគមន៍វាសនារួមផងដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖