ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាប់ខ្នោះសមត្ថកិច្ចក្រោយពីសំពងក្បាលប្អូនប្រុសបង្កើតហូរឈាមស្រោចខ្លួន

ចែករំលែក៖

   ខេត្តពោធិ៍សាត់ ៖ បុរសជាបងបង្កើតម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធី ក្រោយពីវាយក្បាលប្អូនប្រុសបង្កើតបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុី ។

    ករណីហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាពាក់កណ្ដាលអធ្រាត្រ ថ្ងៃចន្ទ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

    អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងរបួសឈ្មោះ រី ហុង ហៅ លីប អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ចំណែក ប្អូនប្រុសរងរបួសឈ្មោះ រី ហេង ហៅ អាចំបើង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារតែមួយ ។

    ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានដដែលបានបន្តឱ្យដឹងទៀតថា ករណីហិង្សាក្នុងគ្រួសារបងប្រុសបង្កើតវាយប្អូនប្រុសបង្កើតដោយប្រើចបកាប់និងដងអំបោស(ដែក)ជាអាវុធបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនេះ គេពុំបានផ្ដល់ព័ត៌មានអ្វីឱ្យច្បាស់លាស់នោះទេ ប៉ុន្តែដឹងថា ពួកគេមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី ។

    បច្ចុប្បន្នជនសង្ស័យដៃដល់ជាបងនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ចំណែកប្អូនប្រុសរងរបួសកំពុងសម្រាកព្យាបាល ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖