ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ឃាត់ខ្លួន​អ្នកលេងកាំបិតផ្គាក់១៣នាក់ ព្រោះចំណាំសត្រូវខុស!

ចែករំលែក៖

ភ្នំពេញ​៖​ តាមការបញ្ជាក់ពី​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ អ្នកលេងកាំបិតផ្គាក់ចំនួន​ ១៣នាក់​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថជំនាញ ចុះទៅ​អន្ដរាគមន៍​ចាប់ឃាត់ខ្លួន​ និងវាយខ្នោះដៃ​បញ្ជូន​ទៅកាន់​ទីបញ្ជាការដ្ឋាន​ ដេីម្បីសាកសួរ​និង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ ក្រោយកាប់​បំផ្លាញ​ម៉ូតូមួយគ្រឿង​ ព្រោះចំណាំសត្រូវខុស!

ប្រភពដដែលបន្តថា​ កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ។ 

ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឱ្យដឹងដូចគ្នាថា៖ ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថាជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។ 

បច្ចុប្បន្នក្រុមជនក្មេងទំនើងទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖