ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៥ខែ ឆ្នាំ២០២៣នេះ! ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ​កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ គិតត្រឹម​រយៈពេល៥ខែ ឆ្នាំ២០២៣នេះ គឺចាប់ពីខែមករា ដល់ខែឧសភា​ ឆ្នាំ​២០២៣។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា​ ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៥ខែនេះ មានចំនួន ១៤៦,៥៥០,០០៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ៧០៧,០៧៣ដុល្លារ។

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១,៣៥១ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៥២ដុល្លារ ក្នុងមួយតោន ស្មើនឹង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងខែឧសភា ឆ្នាំ២០៣ មានតម្លៃ ២៥១ដុល្លារ ក្នុងមួយម៉ែត្រគូប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គួរបញ្ជាក់ដែរថា​ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕

ដោយ​៖ សហការី​


ចែករំលែក៖