នៅថ្ងៃទី២២ខែមិថុនា រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ថាបានប្រើប្រាស់ កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ វាយប្រហារស្ពានដ៏សំខាន់តភ្ជាប់ពីតំបន់ Kherson និង Crimea ។
សាព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីដែលរុស្ស៉ីលើកបន្តុបនៅក្នុងតំបន់ចំនួនពីរ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយមីស៉ីលរបស់អ៊ុយក្រែន បានត្រូវចំលើស្ពាន Chongar ដែលតភ្ជាប់ផ្នែកដែលគ្រប់គ្រងដោយរុស្ស៉ីនៃតំបន់ខឺសុន ជាមួយឧបទ្វីបគ្រីមៀ ជាហេតុបង្ខំឲ្យមានការបង្វែរចរាចរណ៍ទៅផ្លូវផ្សេង។
លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) មន្រ្តីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ខឺសុននិយាយថា ផ្លូវត្រូវបានបំផ្លាញ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីអ្នករបួស ឬស្លាប់នោះទេ ហើយមីស៊ីល Storm Shadow ទំនងជាត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារនេះ។ ដោយឡែក អភិបាលតំបន់គ្រីមៀ លោក សឺហ្គៃ អាកស៉ីយីណូវ (Sergey Aksyonov) បានឲ្យដឹងថា មន្ត្រីជំនាញកំពុងពិនិត្យមើលទីតាំង ដើម្បីកំណត់ថា តើពេលណាដែលចរាចរណ៍នៅលើស្ពាន អាចបន្តដំណើរការបានឡើងវិញ។
ដោយត្រូវបានគេស្គាល់ថាជា «ច្រកទ្វារទៅកាន់តំបន់គ្រីមៀ» ស្ពាន Chongar គឺជាស្ពានមួយក្នុងចំណោមស្ពាន មួយចំនួនតូចៗប៉ុណ្ណោះ ដែលតភ្ជាប់តំបន់គ្រីមៀជាមួយអ៊ុយក្រែន។ ឧបទ្វីបនេះត្រូវរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ ២០១៤៕ ដោយ៖ ធីរីណា
រូបថត៖ Reuters