សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអាទិត្យនេះបាននិយាយថា លោកនឹងកំណត់កាលបរិច្ឆេទ សម្រាប់ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅពេលវេលាស័ក្តិសមណាមួយ ខណៈដែលលោកសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាកទំនងពាណិជ្ជកម្មទ្វេភាគី និងបង្ហាញក្ដីកង្វល់ពីអ្នកកាសែត អូស្ត្រាលីម្នាក់ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំង។
នៅពេលត្រូវសាកសួរថា តើលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលណា? លោក Albanese បានតបទៅវិញដូច្នេះថា «យើងនឹងកំណត់ កាលបរិច្ឆេទនៅពេលវេលាស័ក្តិសម»។ លោកបន្ថែមទៀតថា ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោកនៅពេលខាងមុខនេះ គឺទៅចូលរួមកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ។
លោក Albanese ក៏មិនបានបញ្ជាក់នោះដែរថា តើពលរដ្ឋអូស្ត្រាលី ក្នុងនោះរួមមានទាំងអ្នកកាសែតម្នាក់ដែលកំពុងជាប់ឃុំក្នុងប្រទេសចិន អាចនឹងត្រូវបានដោះលែង មុននឹងដំណើរទស្សនកិច្ចរបស់លោកឬក៏យ៉ាងណានោះទេ។
ប៉ុន្តែលោកបានអំពាវនាវឱ្យទីក្រុងប៉េកាំងដោះលែងអ្នកកាសែតអូស្ត្រាលីឈ្មោះ Cheng Lei ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំងចាប់តាំងពីត្រូវបានឃាត់ខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០២០មក៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN