ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចច្រើនស្ថាប័នប្រមាណ៤១នាក់ មានមធ្យោបាយដោយកាណូត០៨គ្រឿងបានសហការគ្នាចុះអធិការកិច្ច(បង្រ្កាប)ឧបករណ៍ចាប់ត្រីខុសច្បាប់ ខណៈរដូវនេះជារដូវបិទនេសាទដើម្បីទុកលទ្ធភាពឱ្យត្រីពងកូន ដោយបែងចែកកម្លាំងចេញជា២ក្រុម ។
តាមសេចក្តីរាយការណ៍ថា ម្សិលមិញ ថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមទី១ មានមន្ត្រីផ្នែករដ្ឋបាលជលផលរាំងទិលនិងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ រួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត យោធាខេត្ត និងយោធាភូមិភាគទី៥ អង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ និងមន្រ្តីសហគមន៍នេសាទដីរនាត មានកម្លាំងសរុបប្រមាណ២៨នាក់ មធ្យោបាយដោយកាណូត០៥គ្រឿងបានចុះអធិការកិច្ចនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិព្រែកក្រ ភូមិដីរនាត និងភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ចាប់ពីព្រំប្រទល់ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង)។
ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា ជាលទ្ធផលកម្លាំងរបស់សមត្ថកិច្ចបានបំផ្លិចបំផ្លាញ២ករណី របាំងស្បៃមុងចំនួន៣០ខ្សែ ស្មើនឹងប្រវែងចំនួន២៥០០ម៉ែត្រ លូកងស្បៃមុងចំនួន៣៦មាត់ បង្គោលចំរឹងចំនួន៦៧០ដើម ចាក់លែងត្រីចម្រុះទម្ងន់ចំនួន៤០គីឡូក្រាម និងរបាំងសាច់អួនចំនួន២២ខ្សែ ស្មើនឹងប្រវែងចំនួន៤២០០ម៉ែត្រ ក្បាលបរចំនួន២២គ្រឿង បង្គោលចំរឹងចំនួន១២០០ដើម ចាក់លែងត្រីចម្រុះទម្ងន់ចំនួន៥០គីឡូក្រាមថែមទៀត ។
ដោយឡែក ប្រភពព័ត៌មានពីក្រុមទី២ ស្រុកក្រគរឯណោះវិញបានឱ្យដឹងដែរថា បានចុះអធិការកិច្ចបាប់ពីឃុំកំពង់ហ្លួងស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកកណ្ដៀងផងដែរ ដែលជាលទ្ធផលៈ ១ករណី បំផ្លិចបំផ្លាញរបាំងស្បៃមុងចំនួន២៨ខ្សែស្មើនឹងប្រវែងចំនួន៣៣៦០ម៉ែត្រ លូកងស្បៃមុងចំនួន៤០មាត់ ក្បាលបរចំនួន០៧គ្រឿង បង្គោលចំរឹងចំនួន៩៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់៧៥គីឡូក្រាមថែមទៀត។ ដូច្នេះចុងខែមិថុនា ឆ្នាំ២០២៣ នារដូវបិទនេសាទនេះ ឃើញថា លើកទី១ដែលសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះបង្រ្កាបធំគួរសមបែបនេះ ប៉ុន្តែពុំដឹងថាមានប្រសិទ្ធភាពឬគ្មានប្រសិទ្ធភាពនោះទេ ៕
ដោយ៖ ប៉ឹម ពិន