ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលភារៈកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បាន ជួបជាមួយប្រតិភូនៃក្រុមហ៊ុនវិនិយោគ ខែបភីថលអុិនវេសមិន (Capital Investment) ដែលរួមមានក្រុមហ៊ុន ភីអាយ អែស ខែបភីថល (PIF Capital) តំណាងដោយលោក ជូណាថាន ប៉ (Mr. Jonathan Por) ក្រុមហ៊ុន អែនហ្ស ខែបភីថល (Antz Capital) តំណាងដោយ លោកស្រី ក្រែស លីម (Ms. Grace Lim) និងក្រុមហ៊ុន ហ្រ្គោសផាតនឺ អេហ៊្សា (Growth Partners Asia) តំណាងដោយ លោក ម៉ូហ្សីដាន (Mr. Mo Zidan) ដើម្បីទទួលស្វាគមន៍ សម្តែងការគួរសម សំណេះសំណាល និងចែករំលែកព័ត៌មានអំពីគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគនៅ កម្ពុជា។
នៅក្នុងជំនួបនេះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ចំពោះប្រតិភូនៃក្រុមហ៊ុនខែបភីថលអុិនវេសមិន (Capital Investment) និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការលើកកម្ពស់និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនេះលោក ជូណាថាន ប៉ (Mr. Jonathan Por) បានជម្រាបជូន អំពីគម្រោងវិនិយោគដែលនឹងជួយដល់សហគ្រាសហធន់តូចនិងមធ្យមនៅកម្ពុជាដើម្បីទទួលបាននូវមូលនិធិវិនិយោគ ពីក្រៅប្រទេសនិងដើម្បីអាចចុះបញ្ជីឡើងទីផ្សារមូលប័ត្រនៅក្នុងនិងក្រៅប្រទេស។ តាមរយៈការវិនិយោគនេះ ក៏មាន ភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ផងដែរ។
ឆ្លើយតបតទៅនិងការស្នើសុំរបស់អ្នកវិនិយោគ លោក ព្រាប កុល សន្យាជួយគាំទ្រអោយមានយន្តការ វាយតម្លៃនិងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជាដើម្បីបំពេញលក្ខខណ្ឌនិងតម្រូវការរបស់ដៃគូវិនិយោគបរទេស។
ប្រតិភូនៃក្រុមហ៊ុនខែបភីថលអុិនវេសមិន ទាំងអស់បានថ្លែងអំណរគុណដល់ លោក ព្រាប កុល រដ្ឋមន្តី ប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យគណប្រតិភូបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែក ព័ត៌មាន និងពិភាក្សាការងារទាក់ទងនិងការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដែលកាយវិការនេះ បង្ហាញឲ្យឃើញនូវ ការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់ទំនាក់ទំនងល្អជាមួយ វិនិយោគិនបរទេស។
លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងអស់ថា៖ រាល់ការ វិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវរៀបចំទៅតាមនីតិវិធីអោយបានត្រឹមត្រូវ ពោលគឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាដើម្បីអភិ វឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការ រវិនិយោគនិងកិច្ចការពាណិជ្ជកម្មទាំងនោះទទួលបានការការពារស្របច្បាប់។
ប្រតិភូវិនិយោគិនទាំងអស់បានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលនិងរីករាយធ្វើការជាមួយ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅ ដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសសឹង្ហបុរី និងនៅប្រទេសដទៃទៀតជុំវិញពិភពលោក ៕
ដោយ ៖ សិលា