ភ្នំពេញ ៖ វិមានព្រឹទ្ធសភា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ព្រមទាំងគណៈប្រតិភូពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះអង្គម្ចាស់ លោក លោកស្រី ជាសមាជិក-សមាជិកា នៃព្រឹទ្ធសភា ចំនួន ៥៩ អង្គ-រូប។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ សេចក្តីព្រាងច្បាប់នេះមាន ៨ មាត្រា ដែលត្រូវបានអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ដោយសំឡេង ៥៩ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ ៖ សហការី