ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាថែរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវឱ្យរួមគ្នាខិតខំរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ រក្សាចាស់ បង្កើនថ្មីលើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ មានសារៈសំខាន់ណាស់ក្នុងការផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ និងផ្តល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍តាមរយៈការទាក់ទាញវិនិយោគមកកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសលើការអភិវឌ្ឍ និងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ខណៈសម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់ វិភាគលើការងារសំខាន់របស់កម្ពុជា និងស្វែងរកបញ្ហាមកធ្វើការដោះស្រាយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។សម្តេចបញ្ជាក់ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងណរគុណដល់ម្ចាស់រោងចក្រដែលផ្ដល់ការងារដល់កម្មករកម្មការិនី មានពិការភាពចូលធ្វើការហើយផ្ដល់ការអនុគ្រោះឱ្យចេញពីធ្វើការមុនម៉ោងដូចស្រ្ដីមានផ្ទៃពោះថែមទៀត។ ខណៈរាជដ្ឋាភិបាលបានលើកទឹកចិត្តដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនផ្ដល់ការងារដល់ជនមានពិការភាពចំនួន ២ ភាគរយនៃចំនួនកម្មករនិយោជិតសរុបទាំអស់៕

ដោយ ៖ សិលា


ចែករំលែក៖