ភ្នំពេញ៖ តាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ បុរសជនជាតិចិន ២នាក់ រួមនឹងថ្នាំញៀនជិត៣គីឡូក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនជាតិចិន ២នាក់ រួមមាន៖ ឈ្មោះ ហ៊ូ ស៊ាវវិន និងឈ្មោះ ចាង ឃុនហុង។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាង ជាថ្នាំញៀនប្រភេទ MDMA ទម្ងន់ ២៨៣៣.៨៦ក្រាម (ជាង២.៨គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនទាំង២នាក់នេះ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖សហការី