ភ្នំពេញ ៖ ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួចនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែត្រូវបានណាត់ជួបក្រោយសម្រាល ដោយវេជ្ជបណ្ឌិតឯកទេស នៅរយៈពេល១ខែកន្លះ។
វេជ្ជបណ្ឌិតកំណត់យកពេលវេលានេះសំរាប់ធ្វើការណាត់ជួប ដោយសារនេះគឺជារយៈពេលដែលរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ (Involution utérine)។
គោលបំណងនៃការពិនិត្យក្រោយសម្រាល៖
១) ពិនិត្យមើលស្នាមរបួសដែលមានក្រោយពីសម្រាល ថាតើវាបានជាសះស្បើយល្អហើយ ឬនៅ?
២) ពិនិត្យមើលសុដន់របស់ស្ត្រី ថាតើមានបញ្ហាអ្វី ឬអត់ នៅពេលដែលគាត់បំបៅដោះកូន (ឧទាហរណ៍៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)។
៣) ពិនិត្យមើលមាត់ស្បូន និងស្បូនថាតើវាត្រលប់មកសភាពល្អដូចដើមវិញ ឬនៅ?
៤) ហើយជាពិសេសនោះ ក៏ជាពេលវេលាមួយសំរាប់ពិភាក្សាអំពីការពន្យាកំណើតផងដែរ ព្រោះនេះជារយៈពេលដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រលំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើអោយគាត់មានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុកជាមុន។
៥) ពិនិត្យមើលអំពីសុខភាពរបស់ស្ត្រីផ្ទាល់ ថាតើគាត់បានសម្រាកគ្រប់គ្រាន់ ឬទេ និងបានញ៉ាំចំណីអាហារ ដែលល្អគ្រប់គ្រាន់សំរាប់ខ្លួនគាត់ និងកូនគាត់ហើយ ឬនៅ (ដោយបំបៅដោះ)។
ដូច្នេះហើយស្ត្រីគ្រប់រូបក្រោយពីសម្រាលរយៈពេល៦សប្តាហ៍ គួរតែមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញរមន្ទីរពេទ្យកាល់ម៉ែតអោយបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុខមាលភាពមាតាក្រោយសម្រាល។
“មាតានិងបុត្រសុខភាពល្អ នាំអោយគ្រួសារមានសុភមង្គល” ៕
ដោយ ៖ សហការី