ខេត្តបន្ទាយមានជ័យ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបើកបុកអ្នកជិះម៉ូតូធ្វើឱ្យធ្លាក់ផ្លូវ ហើយបានទៅកិនលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៣ស្ថិតនៅភូមិរ៉ាសូភី ឃុំកូប ស្រុកអូរជ្រៅ ។
សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងដោយរថយន្តម៉ាកកូរ៉ូឡា ស៊េរីចាស់ បើកបរដោយស្រ្តីចំណាស់ម្នាក់ក្នុងសម្លៀកបំពាក់អាវស សំពត់ខ្មៅនិងមានចានស្រាក់ទំនងមកពីវត្តបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនធ្វើឱ្យជ្រុលទៅបុកអ្នកជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ1U-8026 ដែលបើកបរដោយបុរសម្នាក់អាយុជាង៤០ឆ្នាំ បណ្តាលឱ្យធ្លាក់ផ្លូវខាងឆ្វេង ហើយរថយន្តក៏រេចង្កូតទៅកិនពីលើម៉ូតូនិងជនរងគ្រោះជាប់ក្រោមរថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបរគេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញពលរដ្ឋជិតខាងបាននាំគ្នារត់ជួយលើករថយន្តទាញជនរងគ្រោះចេញពីក្រោមរថយន្ត តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
គ្រានោះគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់ពិនិត្យវាស់វែងដោយបានប្រាប់ថា៖ មូលហេតុគ្រោះចរាចរណ៍នេះកើតឡើងដោយរថយន្តម៉ាកកូរ៉ូឡាបានបើកបរបុកនិងកិនទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហើយត្រូវបានប្រជាពលរដ្ឋគាស់យកសពជនរងគ្រោះចេញ។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្តបង្កនិងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ វណ្ណា