ខេត្តកំពត ៖ ប្រាប់ហើយថាកុំចង់សាកល្បងអីអាជិះម៉ូតូកង់មួយនឹង ! អរគុណលោកអធិការក្រុងបូកគោក្របួចបានមួយក្រុមនៅថ្ងៃនេះ 02.07.23 ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣ នៅលើ facebook ផ្លូវការរបស់លោក ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបង្ហោះសារបន្ថែមថា, “បង្ហោះនៅភ្នំពេញ ថ្ងៃនេះចង់មកសាកល្បងបង្ហោះនៅកំពតផ្លាស់ប្តូរបទពិសោធន៏ តែឱកាសមិនអំណោយផលសោះ”។
សូមបញ្ជាក់ថា : គ្រប់យុវជនទំនើង មានចេតនាផ្គើន ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ ។ ទោះជាមានករណីបង្ក្រាប ចាប់ឃាត់ខ្លួន ធ្វើការអប់រំ យ៉ាងណាក៏ដោយ ពួកគេនៅតែបន្តសកម្មភាពទាំងនេះ ធ្វើឱ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រែក្លាយពីទំពាំងស្នងឬស្សី ទៅជាទំពាំង”ស្អុយ” ហើយធ្វើឱ្យ ឪពុកម្ដាយ អាណាព្យាបាល ពិតជាមិនសប្បាយចិត្ត ចំពោះកូនដែលខ្វះសីលធម៌បែបនេះ !
សូមជម្រាបជូនថា , ថ្ងៃនេះ ! លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានឃាត់ខ្លួនក្រុមក្មេងទំនើងខាងបង្ហោះម៉ូតូ ក្រុមអុកឡុកក្នុងសង្គម ក្មេងដែលពុំបានគិតអំពីតម្លៃរបស់ខ្លួន អត់គិតពីអនាគត ។ ដូច្នេះការបង្ក្រាបបែបនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រឱ្យមានការបង្ក្រាបដូចភ្លៀងរលឹម លុបបំបាត់ភាពអានាធិបតេយ្យ ដើម្បីឲ្យសង្គមមួយមានសីលធម៌ និងធ្វើអោយឪពុកម្ដាយ អាណាព្យាបាល មានក្តីសង្ឃឹមថាកូនកែប្រែ ទទួលយកនូវសីលធម៌ដ៏ល្អ សម្រាប់ខ្លួនឯង និងដើម្បីអនាគតភ្លឺស្វាង ក៏ដូចជាសសរទ្រូងនៃប្រទេសជាតិ៕
ដោយ ៖ សិលា