ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ចោរលួចម៉ូតូ​ ២នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជនសង្ស័យចំនួន០២នាក់នេះរួមមាន៖​ ១-ឈ្មោះ ជ័យ សម្បត្តិ ហៅកុយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ  សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​ និង២-ឈ្មោះ គង់ វាសនា ហៅវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ  សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ​ថ្មីៗ​នេះ​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេពពកផ្ទះលេខ៥៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ចំណែក​វត្ថុតាងចាប់យក៖  ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩ ជាម៉ូតូរបស់ជនរងគ្រោះ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស លាយខៀវ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ១ CR-០៦៧៧  (ម៉ូតូជិះធ្វើសកម្មភាព)។​ រីឯ​សម្ភារបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩។ 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវកម្លាំងការិយាល័យជំនាញ​ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបម្តតាមនីតិវិធី៕

ដោយ៖ សហការី​


ចែករំលែក៖