អតីតខ្សែបម្រើអេស្ប៉ាញ និង Barcelona កីឡាករ Andres Iniestaមិនបានបង្ហាញពីទិសដៅបន្ទាប់របស់គាត់ទេ បន្ទាប់ពីកីឡាករដែលជួយអេស្ប៉ាញឈ្នះជើងឯក World Cup ឆ្នាំ២០១០ រូបនេះចាកចេញពីក្លិបជប៉ុន Vissel Kobe កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ៣៩ឆ្នាំដែលបានស៊ុតបញ្ចូលទីតែ១គ្រាប់គត់នៅពេលដែលអេស្ប៉ាញឈ្នះជើងឯកជាមួយហូឡង់នៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ២០១០បានបញ្ចប់ការប្រកបរយៈពេល៥ឆ្នាំរបស់គាត់នៅប្រទេសជប៉ុនជាមួយនឹងការបង្ហាញខ្លួន៥៧នាទីក្នុងលទ្ធផលស្មើ ១–១ ជាមួយក្រុម Consadole Sapporo។
ការប្រកួតនេះគឺជាការចាប់ផ្តើមដំបូងរបស់ Iniesta ក្នុងលីករដូវកាលនេះ ដោយសារតែការរងរបួសជាបន្តបន្ទាប់ដែលបានកំណត់ការចូលរួមរបស់គាត់ក្នុងយុទ្ធនាការបច្ចុប្បន្ន ខណៈដែល Kobe បានចាប់ផ្តើមការប្រកួតប្រជែងដ៏កម្រមួយសម្រាប់ពានរង្វាន់ J.League។
Iniesta ដែលស្រក់ទឹកភ្នែកបាននិយាយចុងក្រោយនៅកីឡដ្ឋាន MisakiPark Stadium ថា “ប៉ុន្មានខែចុងក្រោយនេះ គឺជារយៈពេលដ៏លំបាកមួយសម្រាប់ខ្ញុំនិងអ្នកដែលជិតស្និទ្ធនឹងខ្ញុំ។ ខ្ញុំមានបំណងចង់ចូលនិវត្តន៍ និងបិទអាជីពរបស់ខ្ញុំពេលលេងនៅលើទីលាន ហើយខ្ញុំនឹងបោះជំហានបន្ទាប់របស់ខ្ញុំស្របតាមអារម្មណ៍នោះ”។Iniesta បានចូលរួមជាមួយក្រុម Kobe ដែលជាកម្មសិទ្ធិរបស់អ្នកជំនួញមហាសេដ្ឋី Hiroshi Mikitani នៅរដូវក្តៅឆ្នាំ២០១៨ ហើយបានជួយក្លិបលើកពានជាលើកដំបូងរបស់ពួកគេនៅពេលដែលក្រុមបានយកឈ្នះក្រុមKashima Antlers ដើម្បីលើកពាន Emperor’s Cup ឆ្នាំ២០១៩។
រដូវកាលបន្ទាប់ក្រុម Kobe បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Champions League ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងការប្រកួតជើងឯកទ្វីប ហើយក្រុមបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុង J.League ដែលមាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Yokohama F Marinos។ ភ្លាមៗសំបុត្រសម្រាប់ការប្រកួតថ្ងៃសៅរ៍ត្រូវបានលក់អស់ភ្លាមៗបន្ទាប់ពី Iniesta បានប្រកាសថាគាត់នឹងចាកចេញពីក្លិប ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)