ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ រាជធានីភ្នំពេញនឹងមានចំណតក្រោមដី ផ្សារទំនើប ភោជនីយដ្ឋានលើកទីមួយ បង្កើនសោភណភាពនិងចំណូលប្រជាពលរដ្ឋបានមួយកម្រិតក្រោមម្លប់សន្ដិភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញនឹងមានចំណតរថយន្ដ ក្រោមដី ផ្សារទំនើប ភោជនីយដ្ឋាន លើកទីមួយ បង្កើនសោភណភាពនិងចំណូលប្រជាពលរដ្ឋបានមួយកម្រិត ក្រោមម្លប់សន្ដិភាព។ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនឹងកកើតឡើងនៅក្រោមដីនាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ។ 

នេះជាសមិទ្ធផលថ្មីមួយទៀតមិនធ្លាប់មានកន្លងមកនៅក្នុងខណ្ឌដូនពេញ ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក។ 

    ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះបានធ្វើពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ  ដោយមានការចូលរួមពីលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុន អុីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក ។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។     

គម្រោងនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។

លោក ឃួង ស្រេង បានបន្តទៀតថា៖ ខណ្ឌដូនពេញនាពេលបច្ចុប្បន្នបានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្មដ៏ធំមួយចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរតែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ-សេវាកម្មទាំងទីផ្សារក្នុងប្រទេសនិងទីផ្សារអន្តរជាតិយ៉ាងសកម្ម បំផុត រួមមាន វិស័យធនាគារ-ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុកចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត ។ ដូច្នេះ ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរសម្រាប់រាជធានីភ្នំពេញក្នុងសតវត្សរ៍ថ្មីនេះ។ 

លោកឃួង ស្រេង បានបន្តទៀតថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ 

ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករកាន់តែសម្បូរបែប និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះថា មុននេះ យើងធ្លាប់តែឮអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុងរបស់យើងក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃ “សន្តិភាព” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពិតប្រាកដ។ 

លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បានមានប្រសាសន៍លើកឡើងដែរថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង ។ គោលបំណងដែលក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរណ៍ និងបង្កើតមុខរបរអោយអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕

ដោយ ៖ សំរិត


ចែករំលែក៖