ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញមានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៩:០០នាទី នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចកី្រ ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ៕

ដោយ ៖ សិលា


ចែករំលែក៖