ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីប្លន់រថយន្តមួយគ្រឿងពីជនជាតិខ្មែរ ដោយប្រេីប្រាស់កាំបិតចាក់ប្លន់នៅស្រុកកំពង់សិលា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ JIN JR-HAN និងទី២-ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ)។ សម្ភារដកហូតបាន រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់បានបើករថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះមកដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់បានហៅឱ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។
លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមទៀតថា ភ្លាមនោះ លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿននិងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ជាជនជាតិចិននៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ ខណៈដែលជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ៕
ដោយ៖ សហការី