ភ្នំពេញ៖ ដោយសារការធ្វេសប្រហែស និងខុសបច្ចេកទេសក្នុងការបំពេញការងារ បុរសម្នាក់ដែលជាកម្មករសំណង់ នៃអគារ ហួង សាន អុីធីណេសិនណល បានធ្លាក់ពីលើជាន់ទី២៥ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ខណៈប្រជាពលរដ្ឋទូទៅបាននាំគ្នាលេីកឡេីងថា ករណីកម្មករសំណង់ដែលជួបគ្រោះថ្នាក់កន្លងទៅ ព្រោះតែពេលខ្លះមេការម៉ៅសំណង់គ្មានការយកចិត្តទុកដាក់ចំពោះពួកគាត់ នៅពេលដែលកំពុងបំពេញការងារ។
សូមជម្រាបជូនថា កាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ មានករណីបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើជាន់ទី២៥ នៃអគារ ហួង សាន អុីធីណេសិនណល ដែលកំពុងសាងសង់បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហៀម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរជាជាងសំណង់។
បើតាមការរៀបរាប់របស់បុរសម្នាក់ ដែលជាជាងសំណង់ដែលធ្វេីការជាមួយជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតា ស្រាប់តែមួយសន្ទុះ ក្រោយមកក៏ឃើញជនរងគ្រោះបានធ្លាក់ពីលើអគារមកដល់ខាងក្រោមស្លាប់ភ្លាមៗនោះតែម្តង។ ដោយឃេីញដូចនេះ ក៏បាននាំគ្នារាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ និងធ្វេីកោសល្យវិច័យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុបងប្អូនជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន រួមនិងមន្រ្តីជំនាញព្រហ្មទណ្ឌ និងកោសល្យវិច័យរាជធានីភ្នំពេញ បានមកដល់ទីតាំងកើតហេតុ ហើយសន្និដ្ឋានថា (សព) ស្លាប់ដោយសារបានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់ពិតប្រាកដមែន។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ពាក់ព័ន្ធករណីមនុស្សធ្លាក់ពីលេីអគារ ហួង សាន អុីធីណេសិនណលនេះ គឺដោយសារជនរងគ្រោះមិនបានពាក់ខ្សែក្រវាត់ត្រឹមត្រូវ និងធ្វេសប្រហែសខ្លួនឯងទេីបបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ជីណា