ខេត្តកំពត ៖ លោក នេត្រ ភក្ត្រា៖ កត្តា ៣ សំខាន់ដែលពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាគឺគណបក្សមានភាពចាស់ទុំផ្នែកនយោបាយ, ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបក្សគ្រប់ជាន់ថ្នាក់ពោរពេញដោយសមត្ថភាពដឹកនាំ បម្រើពលរដ្ឋនិងមានគោលនយោបាយផ្សារភ្ជាប់នឹងផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត។
កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ
និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។
នេះជាសារថ្លែងឡើងដោយលោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អំឡុងបន្តការចុះជួបម្ចាស់ឆ្នោតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ យុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដែល លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាមានសារៈសំខាន់ខ្លាំង និងជាឱកាសដែលសមាជិកសមាជិកា គណបក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៧ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីនយោបាយដែលបានផ្តល់អាទិភាពលើកិច្ចគាំពារសង្គម, បន្តធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធម៌ និងប្រកបដោយនិរន្តរភាព។
អំឡុងពេលនៃការចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកំពង់ក្រែង ស្រុកទឹកឈូ បានបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមាន។
លោក នេត្រ ភក្ត្រា បានជម្រាបជូនម្ចាស់ឆ្នោតថា យោងតាមសេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។ សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបរុសសម័យទំនើបកម្ពុជា និងជាបិតាសន្តិភាពកម្ពុជាដែលបានបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពនិងការអភិវឌ្ឍ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាព និងជាក្តីសង្ឃឹមរបស់ជាតិនិងប្រជាជនកម្ពុជាក្នុងការបន្តការអភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែណដីកម្ពុជា។
លោក នេត្រ ភក្ត្រា និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ក្រែង ស្រុកទឹកឈូ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតរបស់យើងបានការនិងមានតម្លៃដែលជាសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា៕
ដោយ : សហការី