ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើយោបល់ និងអនុសាសន៍ របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងសេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធី នៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប ថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទៅឱ្យភាគីពាក់ព័ន្ធផ្តល់យោបល់ រួមមានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថានប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារ បោះឆ្នោត គណបក្សនយោបាយ ចំនួន ១៨ គណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សរុបចំនួន ៣៨ ។ ស្ថាប័នមួយចំនួនបានឯកភាពតាមសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ គ.ជ.ប ផ្ញើជូនផ្តល់យោបល់ រីឯស្ថាប័នមួយចំនួនទៀតបានផ្ដល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តី សម្រេចនោះ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអនុសាសន៍ និងឯកសារម្ដងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. ឯកភាពលើសេចក្ដីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

២. ឯកភាពលើសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលបើ ក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យ អ្នកដែលបានមកបោះឆ្នោត។

មុនបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចាត់ចែងការងារជាបន្ទាន់ដើម្បីបណ្តុះបណ្តាលដល់មន្តី ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតឱ្យយល់នូវច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និង សេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យ បោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ដែល គ.ជ.ប ទើបសម្រេចថ្មីនេះ ៕

ដោយ៖ សិលា


ចែករំលែក៖