សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី៧ខែកក្កដា បានផ្សាយថា ក្រោយពេលចិនប្រតិកម្មទៅនឹងការបញ្ចេញទឹកពីរោងចក្រថាមពលបរមាណូរបស់ជប៉ុន ពេលនេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដែលហៅកាត់ថា IAEA កាលពីថ្ងៃអង្គារសប្តាហ៍នេះបានផ្តល់ការធានាសុវត្ថិភាពជាថ្មីម្តងទៀតលើផែនការ របស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក បើទោះជាមានការបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន និងប្រទេសជិតខាងមួយចំនួនក៏ដោយ។
នៅក្នុងរបាយការណ៍មួយរបស់ប្រធាន IAEA លោក Rafael Grossi ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ អង្គការសហប្រជាជាតិមួយនេះ បានសន្និដ្ឋានថា ផែនការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima «បានអនុលោមតាមបទដ្ឋានសុវត្ថិភាពស្ដង់ដារអន្តរជាតិ ហើយនឹងមានផលប៉ះពាល់វិទ្យុសកម្មតិចតួចបំផុតចំពោះមនុស្សនិងបរិស្ថាន»។
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida បាននិយាយថា ប្រទេសជប៉ុននឹងឆ្លើយតបទៅនឹងលទ្ធផលនៃការពិនិត្យនេះ «ដោយភាពស្មោះត្រង់» ហើយនឹងបន្តពន្យល់ពីផែនការរបស់ខ្លួនដល់ប្រជាជនដែលរងផលប៉ះពាល់ និងសហគមន៍អន្តរជាតិ ជាមួយនឹងតម្លាភាពកម្រិតខ្ពស់។ លោក Kishida បានសង្កត់ធ្ងន់ថា «យើងនឹងមិនអនុញ្ញាតឱ្យមានការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ» ហើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងសិក្សាការវាយតម្លៃ របស់ IAEA មុនពេលធ្វើការសម្រេចចិត្តចុងក្រោយថា តើពេលណាត្រូវចាប់ផ្តើមបញ្ចេញទឹកនេះ។
គួរបញ្ជាក់ថា បរិមាណទឹកកខ្វក់ដ៏ច្រើន ត្រូវបានបង្កើតនៅក្នុងដំណើរការនៃការធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ។ ទឹកទាំងនោះត្រូវបានរក្សាទុកនៅក្នុងធុងជាង ១,០០០ធុង ដែលបានដំឡើងនៅនឹងកន្លែង បន្ទាប់ពីឆ្លងកាត់ប្រព័ន្ធចម្រោះយកសារធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីត្យូម (tritium) ប៉ុន្តែធុងស្តុកទាំងនោះគឺជិតអស់សមត្ថភាពផ្ទុកហើយ។ សារធាតុទ្រីត្យូមនេះ បើតាមការអះអាងពីអ្នកជំនាញមួយចំនួនគឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ មនុស្សនិងបរិស្ថាន។
ទោះជាយ៉ាងណា ផែនការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នេះមានភាពប្រទាំងប្រទើសខ្លាំងជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសចិន ដែលបានជំទាស់ចំពោះផែនការនេះ រួមទាំងសហគមន៍នេសាទជប៉ុននៅ Fukushima ផងដែរ ដោយពួកគេបង្ហាញការព្រួយបារម្ភចំពោះសារធាតុវិទ្យុសកម្មនៅក្នុងទឹកដែលអាចបង្កផលប៉ះពាល់ដល់ទឹកសមុទ្រ និងជីវិតសត្វសមុទ្រជាដើម៕ ដោយ៖ ធីរីណា
រូបថត៖ Reuters