សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា បុគ្គលិកផ្តល់ជំនួយខ្ទង់៤០នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីការផ្ទុះរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១មក។
ក្នុងរបាយការណ៍ផ្ញើជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក វ៉ូលកឺ ធួក (Volker Turk) ដែលជាឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សបានថ្កោលទោស ចំពោះសកម្មភាពវាយប្រហារដោយផ្ទាល់ទៅលើបុគ្គលិកផ្តល់ជំនួយ ដែលជាចម្បងធ្វើការឱ្យអង្គការក្នុងស្រុក ចំពោះមុខការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធាដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០២១ ហើយនិងក្រុមឧទ្ទាមដែលប្រឆាំងរដ្ឋប្រហារ។ លោក ធួក បានបន្តថា ការសម្លាប់បុគ្គលិកផ្តល់ជំនួយទាំងនោះគឺជាផ្នែកនៃកិច្ចប្រឹងប្រែងដោយចេតនានិងកំណត់គោលដៅទុកជាមុនដើម្បីបង្កឧបសគ្គដល់សកម្មភាពផ្តល់ជំនួយ និងដើម្បីបដិសេធសិទ្ធិមូលដ្ឋានក៏ដូចជាសេរីភាពរបស់ប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមរបាយការណ៍របស់ លោក ធួក របបសឹកបានសម្លាប់និងបង្កឱ្យរបួសប្រជាជនស៉ីវិលស្លូតត្រង់រាប់ពាន់នាក់ ហើយទន្ទឹមគ្នានោះបានបំផ្លាញទំនិញនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលចាំបាច់សម្រាប់ការរស់រានមានជីវិត រួមមានទាំងស្បៀងអាហារ ទីជម្រក និងមន្ទីរពេទ្យ។
បើតាមការតួលេខប៉ាន់ស្មាន ក្នុងរបាយការណ៍ដដែលនោះ មនុស្សប្រហែល១.៥លាននាក់ បានព្រាត់ប្រាស់ពីផ្ទះសម្បែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច