ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues បាននិយាយថា គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នឹងមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅក្រោយ។ ម្ចាស់ជើងឯក World Cup ៥សម័យមានទំនុកចិត្តថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងឡើងមកដឹកនាំលេងនៅ Copa America នៅខែមិថុនា ឆ្នាំ២០២៤។
លោក Rodrigues បានបន្តថា “Fernando Diniz នឹងមើលការខុសត្រូវក្រុមរហូតដល់ពេលនោះ រួមជាមួយនឹងតួនាទីរបស់គាត់ជាគ្រូបង្វឹកក្លិប Fluminense ។ គាត់នឹងមកធ្វើការផ្លាស់ប្តូរនៅប្រទេសប្រេស៊ីលសម្រាប់ Ancelotti។ ផែនការប្រកួតរបស់គាត់គឺស្ទើរតែស្រដៀងទៅនឹងគ្រូបង្វឹកដែលនឹងចូលកាន់តំណែងនៅ Copa America គឺលោក Ancelotti។ យើងមិនហៅគាត់ថាជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិទេ។
ប្រេស៊ីលបានគ្មានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីការប្រកួត World Cup នៅពេលដែលលោក Tite បានលាលែងពីតំណែងបន្ទាប់ពីការបរាជ័យក្នុងវគ្គ១/៤ចុងក្រោយក្រោមថ្វីជើងក្រុមក្រូអាត ដោយមានគ្រូបង្វឹកអាយុក្រោម២០ឆ្នាំលោក Ramon Menezes ទទួលបន្ទុកការប្រកួតមិត្តភាពថ្មីៗនេះ។
លោក Ancelotti ដែលកុងត្រានឹងផុតកំណត់នៅរដូវក្តៅក្រោយនឹងក្លាយជាអ្នកចាត់ការបរទេសដំបូងគេដែលបង្វឹកប្រេស៊ីលចាប់តាំងពីឆ្នាំ១៩៦៥។ មិនទាន់មានពាក្យផ្លូវការណាមួយពីលោក Ancelotti ឬក្លិបReal Madrid ថាគាត់នឹងចាកចេញពីក្លិបនៅឆ្នាំក្រោយនោះទេ។
បុរសវ័យ៦៤ឆ្នាំរូបនេះបានចាប់ផ្តើមលេងជាលើកទី២របស់គាត់នៅ Bernabeu ក្នុងឆ្នាំ២០២១ បន្ទាប់ពីចាកចេញពី Everton ហើយបានជួយ Real Madrid ឈ្នះពានរង្វាន់ Champions League, La Liga, Copa del Rey និង Club World Cup ក្នុងចំណោមជោគជ័យជាច្រើនចាប់តាំងពីគាត់ត្រឡប់មកវិញ។
ការឈ្នះពាន Champions League វគ្គផ្តាច់ព្រ័ត្រទល់នឹង Liverpool ក្នុងឆ្នាំ២០២២ គឺជាជ័យជម្នះពានរង្វាន់លីកអឺរ៉ុបលើកទី៤របស់លោក Ancelotti ក្នុងនាមជាអ្នកចាត់ការទូទៅ និងលើកទី២ជាមួយនឹងក្រុម Real Madrid បន្ទាប់ពីបានដឹកនាំ AC Milan ឈ្នះពានរង្វាន់នេះចំនួន២ដងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)