ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួច(ទ្រព្យសម្បត្តិប្រជាពលរដ្ន)នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( ទ្រព្យសម្បត្តិប្រជាពលរដ្ន ) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ៤៨ នាទីនៅចំណុចសាលាវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

– ជនរងគ្រោះឈ្មោះ មាស ហៃ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅកន្លែងកើតហេតុខាងលើ។

– ជនសង្ស័យឈ្មោះ ស ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ(មានសារធាតុញៀន)។

សំភារៈបាត់បង់៖

១- ប៉ុស្តិ៍ផ្សារចំនួន ០១គ្រឿង

២- ម៉ូទ័រកាត់ដែកចំនួន ០១គ្រឿង

៣- ម៉ូទ័របូមទឹកចំនួន ០១គ្រឿង

៤- ម៉ូទ័រស្វានចំនួន ០១គ្រឿង

៥- ម៉ូទ័រកាត់ឈើចំនួន ០១គ្រឿង

៦- ឆ្នាំបាយអគ្គិសនីចំនួន ០១គ្រឿង

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា  នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ៤៨នាទី មុនពេលកើតហេតុ ជនសង្ស័យបានលួចផ្លោះរបងសាលាវិទ្យាល័យឫស្សីកែវចូលក្នុងសាលាធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់ខាងលើបានសម្រេចរួចគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩ និង ០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចយើងបានបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២១ និង ៥០នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ៖ ជីណា


ចែករំលែក៖