ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីដោះស្រាយការគំរាម កំហែងនៃគ្រឿងញៀនសំយោគ តាមប្រព័ន្ធនិម្មិត” ដែលដឹកនាំដោយលោក Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ វត្តមាននៅក្នុងកិច្ច ប្រជុំនេះរួមមានរដ្ឋមន្ត្រីការបរទេស/រដ្ឋមន្ត្រី មកពីជាង ៥០ប្រទេស ព្រមទាំងប្រធាននៃអង្គការ អន្តរជាតិនានា។
ក្នុងកំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះ ថ្នាក់ទៅលើសុខភាពសាធារណៈ និងសង្គម ដែលបណ្តាលមកការប្រើប្រាស់គ្រឿងញៀនសំយោគ ដែលមិនស្របតាមក្បួនវេជ្ជសាស្ត្រ។ រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនោះ និងខិតខំរួមគ្នាកំណត់នូវអាទិភាពសំខាន់ៗ។ រដ្ឋមន្ត្រីទាំងអស់បាន ប្ដេជ្ញាចិត្តផងដែរក្នុងការបង្កើតឱ្យបាននូវដំណោះស្រាយឆ្ពោះទៅមុខ ជំរុញឱ្យកាន់តែប្រសើរនូវ គំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ និងធានាថា គ្រប់ទិដ្ឋភាពនៃការកាត់បន្ថយតម្រូវការ និងការ ផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ គួរស្របតាមគោលបំណង និងគោលការណ៍ន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្ត សកម្មភាពជាក់ស្ដែង និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគដោយខុសច្បាប់ ក្នុងពេលនោះដែរត្រូវកាត់បន្ថយផលប៉ះពាល់ គ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ។ លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែង និង វិធានការនានារបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន រួមមាន ការអនុវត្តច្បាប់ គោល នយោបាយ និងផែនការសកម្មភាពសំខាន់ៗ។ កម្ពុជា បានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីគ្រឿងញៀនយ៉ាងទូលំទូលាយដល់សាធារណជនទូទៅ និងក្រុមគោលដៅ។ កម្ពុជាបានពង្រឹង វិធានការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំ យ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ដោយប្រើសារធាតុគីមីផ្សំដែលយកមកពី ការធ្វើពាណិជ្ជកម្មស្របច្បាប់។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេស និងអ្នកពាក់ព័ន្ធទូទាំងពិភពលោក ដើម្បីការពារ ប្រទេសរបស់យើងរៀងៗខ្លួន ការពារសហគមន៍សកលពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងញៀន សំយោគ និងធានាសុខុមាលភាពរបស់ប្រជាជន៕
ដោយ ៖ សិលា