ព័ត៌មានទាន់ហេតុការណ៍៖

គ ជ.ប ៖ ថ្ងៃទីប្រាំបួនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា

ចែករំលែក៖

ភ្នំពេញ  ៖ ថ្ងៃទីប្រាំបួនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃទីប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនា បោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា។

នៅថ្ងៃទីប្រាំបួននេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោត ចំនួន ៧ គឺនៅមណ្ឌលខេត្តកំពង់ស្ពឺ កណ្តាល កោះកុង ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ និងមណ្ឌល រាជធានីភ្នំពេញ។

គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង កំពង់ធំ កំពត ស្វាយរៀង ពោធិ៍សាត់ តាកែវ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនា នៅមណ្ឌលខេត្តព្រៃវែង។

គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តមណ្ឌលគិរី។

គណបក្សកម្លាំង ប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត។ គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនា នៅមណ្ឌលខេត្តព្រះសីហនុ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។

ក្រៅពីគណបក្សនយោបាយទាំង ៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្ស ខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា និងគណបក្សធម្មាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការ គណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរ ឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៣ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖