ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនមួយក្រុមកាប់ជនជាតិចិនដូចគ្នាហូរឈាមជោកប្រាណរួចចាប់ដាក់ខ្នោះដៃញាត់ចូលរថយន្តស៊េរីទំនើប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិតជាសាហាវខ្លាំងណាស់!  ជនជាតិចិនមួយក្រុមបង្កហិង្សាដេញកាប់គ្នាធ្វើឱ្យជនជាតិចិនម្ខាងទៀតរងរបួសហូរឈាមជោកប្រាណរួចដាក់ខ្នោះដៃរុញចូលរថយន្តស៊េរីទំនើបកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្សាររាត្រីក្បែរ(កាស៊ីណូភឺរេមិច)ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

    ប្រភពពីពលរដ្ឋឃើញហេតុការណ៍និយាយថា ក្រុមម៉ាហ្វីយ៉ាទាំងអស់នោះ បើកអនឡាញខុសច្បាប់យ៉ាងអនាធិបតេយ្យនៅក្នុងក្រុងប៉ោយប៉ែត កំពុងសប្បាយនឹងប្រព្រឹត្តអំពើហិង្សាបែបព្រៃផ្សៃនៅកណ្តាលហ្វូងមហាជន ។

   ពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយពួកគេបានឃើញជនជាតិចិន១ក្រុមបានចាប់ជនជាតិចិនដូចគ្នាហើយវាយបែកក្បាលហូរឈាមជោកប្រាណដោយនៅដៃមានជាប់ខ្នោះផងដែរ។ ពេលឃើញដូច្នោះទើប ពលរដ្ឋផ្អើលឆោឡោនាំគ្នាប្តឹងអាជ្ញាធរ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

ពលរដ្ឋថា ជនជាតិចិនខាងលើទំនងជាក្រុមបើកមុខរបរអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត ហើយពួកគេមិនដែល ចេះគោរពច្បាប់ទម្លាប់របស់កម្ពុជាអ្វីនោះទេ។ លើសពីនេះទៀតនោះ ក្រុមជនជាតិចិនខ្លះមានទំនាក់ទំនងជាមួយពួកអ្នកមានអំណាចគ្រាក់ៗបង្កជាបញ្ហា។ នៅក្នុងស្ថានការណ៍ខាងលើនោះដែរក្រុមបង្កហិង្សាមានអាវុធខ្លីភ្ជង់គ្នាថែមទៀតធ្វើឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ក្រុងប៉ោយប៉ែតមានការព្រួយបារម្ភ។

ពលរដ្ឋតែងតែលើកឡើងថា ក្រុមជនជាតិចិនដែលបង្កបញ្ហាម្ដងៗគេសង្កេតឃើញតែងតែមានអាវុធខ្លីជាប់នឹងខ្លួនពួកគេ។ ពលរដ្ឋសួរថា តើអាវុធខ្លីដែលក្រុមជនជាតិចិនមានជម្លោះគ្នានោះបានមកពីណា? ហើយពេលចាប់ពួកគេបានមិនដែលឃើញស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធលក់ឬផ្ដល់អាវុធឱ្យជនជាតិចិនទាំងនោះឡើយ។

ប្រភពបញ្ជាក់ថាៈក្រោយបង្កហិង្សាទៅលើជនជាតិចិនម្ខាងទៀតក្រុមបង្កឡើងអង្គុយលើរថយន្តជក់បារីធ្វើមិនដឹង សមត្ថកិច្ចហៅឱ្យចុះក៏មិនព្រមចុះដែរ ទាំងនេះហើយដែលបញ្ជាក់ថាក្រុមជនជាតិចិនបង្កហិង្សាមិនគោរពច្បាប់ប្រទេសកម្ពុជានោះទេ។ ទោះយ៉ាងណាក្រុមជនជាតិចិនបង្កហិង្សាខាងលើត្រូវកម្លាំងសមត្ថកិច្ចក្របួចយកទៅសួរនាំបានចំនួន៩នាក់និងចាត់ការតាមផ្លូវច្បាប់។ 

ដោយឡែកជនរងគ្រោះត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។

    ករណីខាងលើនេះលោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មិនទាន់មានការឆ្លើយតបពេលអ្នកសារព័ត៌មានសាកសួរតាមwhatsAppនោះទេ គឺលោកចូលមើលដែរតែមិនមានការឆ្លើយតប៕

ដោយ ៖ វណ្ណា


ចែករំលែក៖