ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅដែលមានលោកចេង មុនីរ៉ា ជាប្រធានស.ស.យ.កខណ្ឌបានបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ,លោកចេង មុនីរ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ , លោក-លោកស្រី ជាអនុប្រធាន ស.ស.យ.ក ខណ្ឌ និងមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីកម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជិត៤០០នាក់ ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅបានថ្លែងដូច្នេះថា បើកវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ពិតជាមានសារៈសំខាន់ណាស់ និងសូមកោតសរសើរដោយស្មោះចំពោះវត្តមានលោក លោកស្រី សមាជិក សមាជិការ ជាពិសេសប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ-សង្កាត់ ដែលបានឆ្លាតពេលដ៍មមាញញឹកពីការងារ ការសិក្សារបស់ខ្លួន មកចូលរួមវគ្គបណ្តុះបណ្តាលនេះ ។
ដោយឡែកលោក ឃុត ចាន់ដារ៉ា អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញតំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់សិក្ខាកាមដូច្នេះថា វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនិងទទួលបានចំណេះដឹងអំពី នីតិវិធី បទបញ្ជា ក្រមសីលធម៌ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងយល់ច្បាស់លាស់ពីតួនាទី ភារកិច្ច របស់អ្នកសង្កេតការណ៍ជាតិ នៃគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។ ក្រោយពេលចប់វគ្គបណ្តុះបណ្តាលនេះលោក លោកស្រី និងប្អូនៗយុវជនប្រាកដជាយល់ច្បាស់អំពីគោលបំណង អត្ថន័យ និងអត្ថប្រយោជន៍ នៃសូចនាករនីមួយៗ ដើម្បីយកទៅអនុវត្ត ៕
ដោយ៖ សណ្តោស