ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មភាពចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា លោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៨ ខែកក្កដាថ្មីៗនេះ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិវាលវង់ ឃុំតាស្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ១.ឈ្មោះ ចិន រ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រសេក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បន្ទាយមានជ័យ និង២.ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិភូ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១០.០៦៤គ្រាប់ និងបំណែកមួយចំនួន ទម្ងន់ ១០២២,៥១ក្រាម ។
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F-6613 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ពំ ធិន ហៅប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ២.០១០គ្រាប់ ទម្ងន់ ២០២,០០ក្រាម ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
សរុបចំនួនថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១២.០៧៤គ្រាប់ និងបំណែកមួយចំនួន ទម្ងន់ ១.២២៤,៥១ក្រាម។
ករណីនេះជនសង័្សយទាំងបីនាក់រួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ដោយ ៖ អរុណរះ