ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-រដ្ឋមន្រ្តីយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ចែករំលែក៖

ទីក្រុងតូក្យូ៖ បើយោងតាមការបញ្ជាក់ ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានដឹងថា : នាថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងរដ្ឋមន្រ្តីយុត្តិធម៌ G7 នៅទីក្រុងតូក្យូ  ប្រទេសជប៉ុន។ លោក KISHIDA Fumio នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចជំនួបនេះ។ 

សូមបញ្ជាក់ថា : កិច្ចជំនួបនេះ ដឹកនាំដោយសហប្រធានដែលជា  លោក  SAITO Ken រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសជប៉ុន និងលោកស្រី  AZALINA Othman Said រដ្ឋមន្ត្រីទទួលបន្ទុកការងារច្បាប់និងកំណែទម្រង់ស្ថាប័នរបស់ម៉ាឡេស៊ី  និងដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់និងយុត្តិធម៌អាស៊ាន និងប្រទេស G7 ឬ អគ្គរដ្ឋអាជ្ញា និង អគ្គព្រះរាជអាជ្ញានៃបណ្តាប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និង លេខាធិការដ្ឋានអាស៊ាន, តំណាងប្រទេសទីម័រខាងកើត (សមាជិកសង្កេតការណ៍), ព្រមទាំងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចជំនួបនេះ ជាកិច្ចជំនួបលើកដំបូងបំផុតរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងប្រទេស G7 ដែលធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអាស៊ាន និង ប្រទេស G7 ក្នុងវិស័យច្បាប់និងយុត្តិធម៌»  ក្នុងគោលបំណងជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ាននិងប្រទេស G7 និងជាវេទិកាសម្រាប់ជួបពិភាក្សាគ្នា   ផ្លាស់ប្តូរ ឬ ចែករំលែកនូវទស្សនៈបឋមពាក់ព័ន្ធនឹងបញ្ហាជាប្រយោជន៍រួម  និងផលប្រយោជន៍ទៅវិញទៅមកដើម្បីភ្ជាប់ទំនាក់ទំនងការងារ  និង ធានានូវការកសាងគ្រឹះសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនាពេលអនាគត  សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌ រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស G7 ៕

ដោយ ៖ សហការី


ចែករំលែក៖