ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនដល់ ៦នាក់ ដោយជំនន់ទឹកភ្លៀងនៅជប៉ុន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់យ៉ាងគំហុកលើកោះគ្យូស៊ុ (Kyushu) ស្ថិតនៅភាគនិរតីនៃប្រទេសបានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដីបណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់ ៦នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ៣នាក់ទៀត។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាយខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាស៊ូណូ (Hirokazu Matsuno) បានគូសបញ្ជាក់ថា «អាជ្ញាធរក្នុង តំបន់ នៅតែធ្វើការត្រួតពិនិត្យលើជនរងគ្រោះ… ប៉ុន្តែយើងទទួលបានដំណឹងថាមនុស្ស ៦នាក់បានស្លាប់ ខណៈ ៣នាក់បាត់ខ្លួននិង ២នាក់ទៀតរងរបួសស្រាល»។ អ្នកនាំពាក្យក្រុមហ៊ុនផលិតសំបកកង់ Bridgestone ក៏បានឲ្យដឹងដែរថា ភ្លៀងធ្លាក់ខ្លាំងបានបង្ខំឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការរោងចក្រចំនួន ៤នៅលើកោះ Kyushu កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែរោងចក្រទាំងនោះបានដំណើរការឡើងវិញនៅព្រឹកថ្ងៃអង្គារ។
ជប៉ុនគឺជាប្រទេសចុងក្រោយបង្អស់នៅលើពិភពលោក ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កើន ឲ្យមានការភ័យខ្លាចរលកនៃការប្រែប្រួលអាកាសធាតុថ្មីទៀត។ ទោះជាទីភ្នាក់ងារឧតុនិយមជប៉ុន បានបន្ទាបការព្រមានរបស់ខ្លួនលើផ្នែកភាគខាងជើងនៃ កោះ Kyushu ក៏ដោយ ប៉ុន្តែនៅតែបន្តណែនាំឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នសម្រាប់ការរអិលបាក់ដីបន្ថែមទៀត៕ ដោយ៖ ធីរីណា

រូប​ថត​៖ kyodo


ចែករំលែក៖