ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​៖ ករណីឆក់កាបូបស្ពាយ​ពីនារីជនជាតិបារាំង​​ ពេលនេះ​ឃាត់ខ្លួន​ជនសង្ស័យ​បានហើយ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​បានឱ្យដឹងថា​ ករណីឆក់កាបូបស្ពាយ​ពីនារីជនជាតិបារាំង​បានសម្រេច​ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ធ្វេីការប្រដេញនិងឃាត់ខ្លួនបានភ្លាមៗ​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

   យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កាលពីល្ងាចថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​បានឱ្យដឹងថា​​ លោក​ឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាព​ឆក់​យកកាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញនិងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខខ្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ រួមមាន៖

ទី១-ឈ្មោះ​ ខន​ ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​លំ​ ក្នុងសង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។

ទី២-ឈ្មោះ​ គឹម​ វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​មិនចាំលេខ ក្នុងសង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបេីកម៉ូតូ)។

ទី៣-ឈ្មោះ​ ចាន់​ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិដេីមចាន់ ក្នុងសង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖

១.​ ម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាក​លេខ​ កណ្តាល​ 1AO-៨១៣១​(របស់ជនសង្ស័យ)។ 

២.​ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KF-១៩៩៩(របស់ជនសង្ស័យ)។ 

៣.កាបូបស្ពាយដាច់ខ្សែ​ ពណ៌ខ្មៅ​ (របស់នារីរងគ្រោះ)។ 

ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់​ខាងលេីឆក់បាន​ កម្លាំងនាយកដ្ឋានបានប្រគល់ទៅឱ្យម្ចាស់ដេីមវិញ​ហើយ ។ 

បច្ចុប្បន្ន​ កម្លាំងជំនាញកំពុងធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖