ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ជួបសំណេះសំណាលជាមួយជនរងគ្រោះដោយសារគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន បាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបាត់ដំបង និងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ កាលពីថ្ងៃទី​១២​ កក្ដដា​នេះ​ បានធ្វើទស្សនកិច្ចនិងសំណេះសំណាលជាមួយជនរងគ្រោះកំពុងសម្រាកព្យាបាលស្តារនីតិសម្បទាផ្តាច់ភាពញៀននិងទទួលការបណ្តុះបណ្តាលចំណេះជំនាញ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង ដែលមានទីតាំងនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបានមានប្រសាសន៍ទៅកាន់ជនរងគ្រោះថា ជនរងគ្រោះដោយសារធាតុញៀនទាំងអស់ទទួលបានការព្យាបាល ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាពនិងទទួលបានការបណ្តុះបណ្តាលចំណេះជំនាញមាន៖ ជាងអគ្គិសនី ម៉ាស៊ីនត្រជាក់ ពេទ្យសត្វ សំណង់ស៊ីវិល កសិកម្មចិញ្ចឹមសត្វ និងកែឆ្នៃម្ហូបអាហារ ក្រោមកិច្ចសហការផ្តល់ការបង្រៀនពីគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលដើម្បីពួកគេមានទុនអាចប្រកបរបរចិញ្ចឹមជិវិតបានពេលពួកគាត់ត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសហគមន៍វិញ។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ  នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ដោយកោតសសើរដល់ប្រធាន បុគ្គលិក ទាំងអស់ដែលបានរៀបចំមជ្ឈមណ្ឌលមានបរិស្ថានល្អ ឈរលើស្មារតីរួមតែមួយអត់ធ្មត់ជួយសង្រ្គោះជនរងគ្រោះដោយសារគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវ និងអរគុណដល់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលបានផ្តល់កិច្ចគាំទ្រសហការ ជួយពង្រឹងប្រសិទ្ធភាពគុណភាពការផ្តល់សេវាដល់ជនរងគ្រោះ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តដោយសំណូមពរដល់ជនរងគ្រោះទាំងអស់ឱ្យចេះស្រឡាញ់រាប់អានគ្នា ជួយគ្នា ថែរក្សាសុខភាព ខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជំនាញពិតប្រាកដ កែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋមានគុណភាពសម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖