ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញ​ខាងលួចកាច់បំបែកសោ.កម៉ូតូ​ ចុងក្រោយ​ជាប់ខ្នោះដៃ​សមត្ថកិច្ច

ចែករំលែក៖

   ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​បានចុះស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោ.កម៉ូតូ) បានហើយ​ ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់​រួមនឹង​វត្ថុតាង​ជា​ឧបករណ៍​សម្រាប់​កាច់​.កម៉ូតូ​ និងកាំភ្លេីងខ្លី​ក្លែងក្លាយ​មួយដេីម​ផងដែរ។ 

    ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី១០ ខែកក្កដាថ្មីៗនេះ​ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោ.កម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1J-8053 ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ។ 

    បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តនីតិវិធី ។

   ជនសង្ស័យមានឈ្មោះ ឈិន កុសល ភេទប្រុស  អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្ភារៈវត្ថុតាងចាប់យកបាន៖

-ម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ព្រះសីហនុ 1J-8053 (ផលនៃអំពើចោរកម្ម) 

-សោច្នៃសម្រាប់ការបំបែកសោ.កម៉ូតូ ចំនួន០២

-ឧបករណ៍សម្រាប់ដោះម៉ូតូមួយចំនួន

-កាំភ្លើងខ្លីក្លែងក្លាយ០១ដើម(ធ្វើពីឈើ)។ 

    ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖