ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង ណែនាំដល់ក្រុមការងារបក្សជួយសម្រួលដល់ពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ប្រើប្រាស់សម្រាប់ការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានបន្តណែនាំដល់ក្រុមការងារគណបក្សប្រជាជនក្នុងខណ្ឌទាំង២ ត្រូវបន្តយកចិត្តទុកដាក់ និងជួយសម្រួលដល់ប្រជាពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬខូច ឬបាត់ ឬហួសសុពលភាពមុនឆ្នាំ២០២២ ដើម្បីនាំពួកគាត់ទៅធ្វើ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតខាងមុខ។

ការណែនាំរបស់ លោកបណ្ឌិត អ៉ិត សំហេង ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សដែលមានជីវភាពបក្សនៅតាមសាខាចំណុះឱ្យគណៈកម្មាធិការគណបក្សខណ្ឌទាំង២សរុបចំនួន៦៨១នាក់ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ។

នាឱកាសនោះ លោក កៀង ល័ក្ស ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន បានថ្លែងរបាយការណ៍ជូនអង្គពិធី និងស្នើសុំអនុសាសន៍ពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដើម្បីយកទៅអនុវត្តជាក់ស្តែងបន្ត។

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងកោតសរសើរចំពោះសមាជិក សមាជិកាគណបក្សនៅតាមអង្គភាពរដ្ឋបាលនានា ដែលកន្លងមកបានខិតខំសម្រេចបាននូវសមិទ្ធផល និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។

លោកប្រធានបានផ្ដាំផ្ញើឱ្យខិតខំបន្តកិច្ចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អបន្តទៀត ទោះបីអំឡុងពេលនេះយើងរវល់នឹងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក៏ដោយ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នឹងមន្ត្រីនៅមូលដ្ឋានរបស់យើង ហើយក៏ដើម្បីបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិតក៏បានលើកឡើងពីការងារស្នូលជាច្រើនសម្រាប់ក្រុមការងារគណបក្ស សកម្មជនគណបក្ស និងសមាជិកគណបក្សអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ ពិសេសគឺគោលការណ៍ «សមាជិកម្នាក់ ឬអ្នកគាំទ្របក្សម្នាក់ ជាសំឡេងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា១សន្លឹក»។

លោកបណ្ឌិត អ៉ិត សំហេង បានស្នើឱ្យក្រុមការងារគណបក្សសង្កាត់ និងភូមិបន្តជំរុញសកម្មភាពចុះជួបប្រជាពលរដ្ឋនៅតាមផ្ទះជុំទី២ឱ្យបានសកម្មថែមទៀត។ នៅពេលចុះជួបប្រជាពលរដ្ឋនោះ សកម្មជនគណបក្សត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងសមាជិកដទៃទៀតថា សូមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ពិសេសត្រូវរំឭកឱ្យពួកគាត់ត្រៀមជាស្រេចនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបើមិនទាន់មានទេ ឬបាត់ ឬខូច សកម្មជនគណបក្សក៏ត្រូវជួយសម្រួលប្រជាពលរដ្ឋក្នុងការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលា ដើម្បីប្រើប្រាស់ក្នុងពេលទៅបោះឆ្នោត។

គួរជម្រាបថា គ.ជ.ប បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពត្រឹមឆ្នាំ២០២២ និងឆ្នាំ២០២៣ យកទៅបោះឆ្នោតបាន។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណ ឬបាត់ ឬខូច ឬហួសសុពលភាពមុនឆ្នាំ២០២២ ប្រជាពលរដ្ឋអ្នកបោះឆ្នោតអាចស្នើសុំ ឯ.អ ពីគណៈកម្មការខណ្ឌរៀបចំការបោះឆ្នោត (SEC) រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ (យ៉ាងយូរត្រឹមម៉ោង៥ល្ងាច)។ 

លោកបណ្ឌិតក៏បានណែនាំឱ្យសកម្មជនគណបក្សត្រូវពិនិត្យ និងជួយសម្រួលបញ្ហានេះជូនសមាជិកដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការទៅចូលរួមបោះឆ្នោត។

លោកបណ្ឌិតបានបន្ថែមថា ក្នុងភាពជាសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវពង្រឹងសាមគ្គីភាព ឯកភាព គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងរួមគ្នាជំរុញនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើន ក្រោមទិសស្លោក «គណបក្សប្រជាជនកម្ពុជា កើតពីប្រជាជន ដើម្បីប្រជាជន»៕

ដោយ ៖ សហការី


ចែករំលែក៖