ព័ត៌មានទាន់ហេតុការណ៍៖

នៅខណ្ឌមានជ័យ​មានករណីប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចលើស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យទី២ មិនរំខានដល់សមត្ថកិច្ចឡើយ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូបីគ្រឿងបានធ្វើសកម្មភាពកៀរផ្ដួលម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់បណ្ដាលឱ្យដួល រួចប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។

​    ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅក្នុងភូមិសង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមបិទពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1F-0039។

​   បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូបីគ្រឿងដេញមកពីក្រោយបានធ្វើសកម្មភាពកៀរផ្តួលម៉ូតូរូបគេបណ្តាលឱ្យដួល ហើយក្រុមជនសង្ស័យបានវាយទៅលើរូបគេថែមទៀត រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

​     ក្រោយកើតហេតុ​ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបាននាំជនងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា​ និងធ្វើការស្រាវជ្រាវតាមចាប់សង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖