ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស្តារិចបុកពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

​    ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រ​ បានជិះម៉ូតូចេញពីធ្វើការបញ្រ្ចាសផ្លូវបត់ស្តាំឆ្លងមិនប្រយ័ត្នត្រូវរថយន្តម៉ាកស្តារិចបើកលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យផ្លោងម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវជាច្រើនម៉ែត្រ​ ឯបុរសជាម្ចាស់ម៉ូតូបានបោកក្បាលស្លាប់ភ្លាមមួយរំពេច។ 

​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃចន្ទ​ទី១៧​ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

​    សពមានឈ្មោះ ឡុង ជ័យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រែកផ្តៅទី២ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឱ្យដឹងថា​ មុនកេីតហេតុគេបានឃើញ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ស្វាយរៀង 1P-9073 ជិះម្នាក់ឯងចេញពីធ្វើការក្នុងរោងចក្រក្បែរកន្លែងកើតហេតុខាងលើ រួចក៏បានជិះកាត់តាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងទិសដៅពីកើតទៅលិច រួចបានបង្អង់ល្បឿនបត់ទៅខាងស្តាំដៃទាំងបញ្រ្ចាសផ្លូវដើម្បីឆ្លងចូលទៅផ្លូវម្ខាងទៀត ខណៈឆ្លងជិតនិងផុតផ្លូវទៅហើយគាប់ជួនស្រាប់តែមានរថយន្តបង្កម៉ាកស្តារិចពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 2A-9850 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣មានទិសដៅស្របគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រខ្ទាតម៉ូតូទៅចិញ្ចើមផ្លូវ បណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កហេតុបន្តល្បឿនបើករត់ទៅមុខជិតមួយគីឡូម៉ែត្រតែរត់មិនរួចត្រូវបានពលរដ្ឋសហការជាមួយនឹងសមត្ថកិច្ចតាមឃាត់បានទាំងម្ចាស់និងរថយន្តតែម្ដង។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ​។ ចំណែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖