ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីក្លិបត្រូវរថយន្តកុងតឺន័របុកកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូចេញក្លិបមួយកន្លែងត្រូវរថយន្តកុងតឺន័របេីកបុកនិងកិន​អូសជាច្រេីនម៉ែត្រ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្លិបមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ​ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

    ជនរងគ្រោះឈ្មោះថន​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរជាងដឺគ័រ​ ស្នាក់នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ មានស្រុកកំណេីតនៅស្រុកព្រះស្តេច​ ខេត្តព្រៃវែង។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JO-1627 ឌុបបុរសម្នាក់ទៀត​ ចេញពីក្លិបស្ពាយឌ័រ​ ខណៈជិះចេញមកដល់ផ្លូវចោមចៅស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខកំពង់ចាម​ 3A-3572 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកនិងកិនម៉ូតូអូសជាច្រេីនម៉ែត្របណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងស្វែងរកសាច់ញាតិជនរងគ្រោះដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃដ្ឋានរាជធានីភ្នំពេញធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖