ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យនារីម្នាក់ធ្លាក់ពីលេីម៉ូតូបោកក្បាលស្លាប់

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលខ្ទាតនារីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​១១និង៥៥នាទីយប់​ថ្ងៃ​ទី​១៩ខែ​កក្កដា​ឆ្នាំ​២០២៣​នៅចំណុច​ស្ពាន​អាកាស​ចោមចៅ​ ក្នុងភូមិ​ព្រៃ​ជីសាក់​សង្កាត់​ចោមចៅទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​  ។ 

   ​ជនរងគ្រោះ​(សព)ឈ្មោះ​ ណា​  ភេទ​ស្រី​អាយុ​២២ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងខណ្ឌ​កំបូល​ មានស្រុក​កំណើត​នៅខេ​ត្ត​កំពង់​ឆ្នាំ​ង​។ 

    ចំណែកបុរសម្នាក់ដែលរួមដំណេីរជាមួយឈ្មោះ​ បឿង ឡោម​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានទីលំនៅ​បច្ចុប្បន្ន​ បន្ទប់ជួល​ក្នុងភូមិ​ចំការ​ឪឡឹក​២ សង្កាត់​កាកាបទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​(របួស​ស្រាល​)​ ។

    រីឯភាគី​ខាង​ម៉ូតូ​បង្កឈ្មោះ ​វ៉ាន់​ ប៊ុន​ណាត ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន​ត្រជាក់​ មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជម្ពូវ័ន​១​ សង្កាត់​ចោមចៅទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ខាងលើ​បាន​ឱ្យដឹងថា នៅ​មុន​ពេល​កេីតហេតុ​គេបានឃេីញបុរសម្នាក់ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​1JQ-9180​ ឌុបនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពី​កេីតទៅ​លិច​ឆ្ពោះទៅផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ​ម៉ាក​  Zoomer​-x ពណ៌​ក្រហម​ពាក់ស្លាកលេខ​ ព្រៃ​វែង​1L-3086​ ​ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅចុះក្រោមស្ពានអាកាសឆ្ពោះទៅផ្លូវជាតិលេខ៤​ ក្នុងល្បឿនលឿនហើយ​ចាប់​ហ្វ្រ័ង​មិន​ទាន់​ ក៏បាន​ជ្រុល​ចង្កូត​ទៅ​ទាក់​ដៃ​ចង្កូត​ម៉ូតូ​ជន​ រង​គ្រោះ​បណ្ដាល​ឱ្យ​ដួល​ហេីយ​ខ្ទាត​ ជនរងគ្រោះ​ពីលេី​ម៉ូតូ​បោក​ក្បាល​ស្លាប់​តែម្ដង​  ចំណែកភាគីបង្ករបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣។ 

    បច្ចុប្បន្ន​ ម៉ូតូ​ទាំង​ពី​រគ្រឿង​និងជនបង្ក ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្នងការ​ដ្ឋានគរបាល​រាជធានី​ភ្នំពេញ​យកទៅ​រក្សា​ទុក​។ ចំណែក​សព​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖