ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបេីករថយន្តបុកគម្របលូក្រឡាប់ផ្ងារជើងច្រងាងៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានបើកក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុកគម្របលូបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងៗរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយយផ្លូវហាណូយដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-6927ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែអ្នកបើកបរស្រវឹងស្រាបានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកគម្របលូពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងៗរងការខូចខាតយ៉ាងដំណំចំណែកគម្របលូបែកបន្តិចបន្តួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖