ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសបន្លំជាសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗដើម្បីជម្រិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ និង បញ្ជូនខ្លួនបុរសម្នាក់ដែលបន្លំជាសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។  

ជនសង្ស័យត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងព្រហ្មទណ្ឌពីបទ ក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

ជនសង្ស័យឈ្មោះ មូល រតនៈ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ពោលខ្លួនចាប់ផ្តើមប្រព្រឹត្តអំពើនេះចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរក្នុងគោលបំណងឆបោកប្រាក់។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានការសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថាឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានមុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទ ក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។

ក.អ.ក សូមគាំទ្រនូវរាល់ចំណាត់ការរបស់សមត្ថកិច្ចចំពោះអ្នកសារព័ត៌មាន ជាពិសេសសមាជិក ក.អ.ក ដែលត្រូវបានរកឃើញថា ប្រព្រឹត្តល្មើសនឹងវិជ្ជាជីវៈ និងច្បាប់ ។

ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្តងទៀតដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកតម្កើងភាពថ្លៃថ្នូរ និងធានាដល់សេរីភាពសារព័ត៌មាន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖