ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងមូស្គូព្រមានវាយប្រហារទៅលើនាវាដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបានព្រមានថា កប៉ាល់ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់តំបន់កំពង់ផែរបស់អ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅនឹងត្រូវបានចាត់ទុកជាគោលដៅយោធា ខណៈដែលទីក្រុងកៀវ ប្រកាសពីការបង្កើតច្រកផ្លូវដឹកជញ្ជូនមួយជាបណ្ដោះអាសន្ន ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារពីកំពង់ផែអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងចាត់ទុករាល់កប៉ាល់ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន គឺជាកប៉ាល់ដឹកជញ្ជូនអាវុធឱ្យទីក្រុងកៀវ ហើយទង់ជាតិប្រទេសណាមួយដែលដោតនៅលើកប៉ាល់ទាំងនេះក៏នឹងត្រូវបានចាត់ទុកជាភាគីក្នុងជម្លោះនៅអ៊ុយក្រែនផងដែរ។ បើតាមក្រសួងការពារជាតិ
រុស្ស៉ី ទីក្រុងមូស្គូនឹងចាប់ផ្ដើមអនុវត្តគោលជំហរថ្មីខាងលើចំពោះកប៉ាល់ទាំងអស់ក្នុងតំបន់សមុទ្រខ្មៅនៅពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅមូស្គូ)។ ក៏ប៉ុន្តែក្រសួងមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាការចាត់វិធានការ ដែលអាចនឹងអនុវត្តចំពោះកប៉ាល់ ឬនាវាដែលធ្វើដំណើរទៅកាន់ អ៊ុយក្រែននោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសចាត់ទុកផ្នែកភាគអាគ្នេយ៍ និងពាយព្យនៃដែនទឹកអន្តរជាតិក្នុងតំបន់សមុទ្រខ្មៅគឺជាដែនទឹក «គ្មានសុវត្ថិភាព» សម្រាប់ការធ្វើនាវាចរ ជាបណ្ដោះអាសន្នផងដែរ ដោយមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Getty)


ចែករំលែក៖