ព័ត៌មានទាន់ហេតុការណ៍៖

របួស២នាក់ក្នុងករណីរថយន្តបុកគ្នាលើបណ្តោយផ្លូវជាតិលេខ៥នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកេីតឡេីង​រវាង​រថយន្តម៉ាក FUSO បុកគ្នាជាមួយរថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យរងរបួស២នាក់ និងខូចខាតរថយន្ដ០២គ្រឿងធ្ងន់០១គ្រឿង។ 

ប្រភពដដែលបន្តថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៦៩.៧០ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក FUSOពណ៌ បៃតង ពាក់ផ្លាកលេខ កណ្តាល3A .15 10 និងសណ្ដោងសឺមីរុឺម៉កពាក់ផ្លាកលេខ កណ្តាល4A. 0182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងទៅទិសខាងជើង ។

លុះមកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ប្ដូរពីទិសខាងកើត ទៅទិសខាងលិច ( បញ្ច្រាសទិសចរាចរណ៍ )ក៏ទៅបុករថយន្ត ម៉ាកTOYOTA HIACE ពណ៌ទឹកប្រាក់  ពាក់ផ្លាកលេខភ្នំពេញ2AC .4728 បើកបរដោយឈ្មោះ យឿន ហៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចន្ទទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ីម តេង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បណ្ដាលអោយរងរបួសទាំង២នាក់ និងខូចខាតរថយន្ដ០២គ្រឿងធ្ងន់០១គ្រឿង។     

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង បានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្នវត្ថុតាងរថយន្ដទាំងពីរគ្រឿង បានចាប់យកមករក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖