ខេត្តបាត់ដំបង៖ មន្ត្រីជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ យកមកដាក់ទោសតាមច្បាប់បន្ទាប់ពីព្យាយាមរត់គេចខ្លួន។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៨១ត.ព្រ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ ផា ចាន់ណា ហៅ ខ្នា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី៩ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងពីបទរក្សាទុក ចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ