ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​យុវជន៧នាក់​ ពាក់ព័ន្ធ​ករណី​​ស​ម្លា​ប់​មនុស្ស​រួច​ចោល​សា​កស​ពនៅ​លើ​ដងផ្លូវ​

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ បានឃាត់ខ្លួន​យុវជន​ចំនួន​៧​នាក់​ ពាក់ព័ន្ធនឹង​អំពើ​ឃា​​តក​​ម្ម ស​ម្លា​ប់​មនុស្ស​រួច​ចោល​សា​កស​ពនៅ​លើ​ដងផ្លូវ​ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

របាយការណ៍ដដែល​បន្តថា​ យុវជន​ទាំង​៧​នាក់​នេះ រួម​មានដូចជា​ ៖ ទី១- ឈ្មោះ មឿ​ន ផែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ,ទី២- ឈ្មោះ តាំង ម៉េ​ង​ទៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី៣- ឈ្មោះ កាន់ វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី៤- ឈ្មោះ នី ផា​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៥- ឈ្មោះ សាក់ លី​ហ័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី៦- ឈ្មោះ សេង វី​បុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និងទី​៧- ឈ្មោះ ផ្ទូ​ន គ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។

សូមជម្រាបជូនថា​ កាលពី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ មានករណី​ឃាតកម្ម​មួយ​ បានកេីតឡេីង​នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវថ្នល់​ជាប់​ចម្ការ​កៅស៊ូ​របស់​ឈ្មោះ ទ្រុ​ញ សា​ខន ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ហង្ស បញ្ញា ហៅ​មី​ដ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ដេក​ដួល​សន្ល​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ រហូត​បាត់​បង់ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​សែន​មនោ​រម្យ ខេត្ត​ម​ណ្ឌ​គិរី​។

ប្រភព​ដដែល​បន្ត​​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង នៅ​លើ​ដងផ្លូវ​ដ៏​ស្ងាត់​ដាច់​ស្រយាល​ពី​ស្រុកភូមិ ស្រប​ពេល​នោះ​ក៏​ជួប​ជាមួយ​យុវជន​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ព្រួត​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​ប្រើ​ដំបង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ រហូត​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។

ក្រោយទទួលបានព័ត៍មានភ្លាមនោះ លោក​ឧត្ត​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ឱ្យចុះ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់​។ ដោយប្រេី​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃប៉ុណ្ណោះ​ កម្លាំងសមត្ថកិច្ច​ក៏​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​៧​នាក់ខាងលេីនេះ​ យកមកសាកសួរ​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៧នាក់នេះ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ ដោយ​សាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖ សហការី​


ចែករំលែក៖